តើបងប្អូនមានអារម្មណ៍យ៉ាងណា នៅពេលដែលពិធីបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់? មានអំណរទេ? រំភើបចិត្តទេ? យើងប្រហែលជាមានអារម្មណ៍ខុសៗគ្នា៖ អ្នកខ្លះប្រហែលជាមានអារម្មណ៍រំភើប ពីព្រោះបានឈប់សម្រាកពីការងារ ជិតបានទៅលេងស្រុកកំណើតជួបជុំគ្រួសារ។ ហើយអ្នកខ្លះទៀតប្រហែលជាមានអារម្មណ៍អាឡោះអាល័យចំពោះអ្វីដែលធ្លាប់ធ្វើកាលពីមុនជឿព្រះគ្រីស្ទ។ ខ្លះចង់បែរទៅចូលរួមជាមួយនឹងគេវិញ ហើយប្រហែលជាខ្លះទៀតមានអារម្មណ៍អៀនខ្មាសនឹងអ្នកជិតខាងដែលមិនមែនជាអ្នកជឿ ដោយខ្លួនមិនបានធ្វើដូចគេ ឬក៏អៀនខ្មាស។ ខ្លះមិនចង់ទៅលេងស្រុកកំណើតដោយសារតែខ្លួនជាគ្រីស្ទបរិស័ទតែម្នាក់ឯងក្នុងគ្រួសារ មិនចង់ឮសាច់ញាតិនិយាយចំអក ឬក៏មិនមានអ្វីជូនចាស់ៗ គ្មានរបស់ទ្រព្យអ្វីដើម្បីបង្អួតបង្ហាញអ្នកស្រុកភូមិ។ ហើយប្រហែលខ្លះទៀតមិនហ៊ានទៅស្រុកកំណើតដោយសារមិនដឹងជាត្រូវឆ្លើយតបបែបណាចំពោះពិធីបុណ្យភ្ជុំ ឬក៏អ្នកជិតខាងខ្លួនដែលគេសួរនាំយើង។
ដូច្នេះ តើយើងគួររៀបចំឥរិយាបថបែបណាទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងត្រូវមកដល់ខាងមុខនេះ? ក្នុងនាមយើងជាគ្រីស្ទបរិស័ទខ្មែរ តើយើងគួរឆ្លើយតបយ៉ាងណាចំពោះពិធីភ្ជុំបិណ្ឌ? តើកម្រិតណាដែលយើងអាចធ្វើបាន ហើយកម្រិតណាដែលយើងមិនគួរធ្វើ? នេះជាអារម្មណ៍ពិតរបស់យើងជាគ្រីស្ទបរិស័ទខ្មែរ ពេលមានពិធីបុណ្យជាតិធំៗមកដល់។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងគិតអំពីរឿងរ៉ាវទាំងអស់ដោយយកចិត្តទុកដាក់ ហើយកាត់ស្រាយតាមព្រះគម្ពីរ ក៏ដូចជាសួរខ្លួនឯងថា តើខ្ញុំអាចធ្វើជាអំបិល និងពន្លឺដល់គ្រប់ទាំងរឿងរ៉ាវនោះយ៉ាងដូចម្ដេច (ម៉ាថាយ ៥:១៣-៦)។ ប៉ុន្តែប្រសិនបើបងប្អូនមានអារម្មណ៍ធម្មតា មិនខ្វល់ ហៃអើៗ ចូលស្ទឹងតាមបទ ឃើញគេធ្វើអី យើងក៏ធ្វើហ្នឹងដែរ នោះចូរឲ្យបងប្អូនប្រុងប្រយ័ត្ន ហើយពិនិត្យមើលចិត្តខ្លួនឯង ថាតើខ្ញុំជាអ្នកជឿព្រះយេស៊ូវពិតប្រាកដ ខ្ញុំជាអ្នកដើរតាមព្រះយេស៊ូវដ៏ពិតប្រាកដដែរឬអត់? ចូរប្រយ័ត្ន ហើយពិនិត្យមើលចិត្តរបស់ខ្លួនឲ្យច្បាស់!
ដើម្បីជាការងាយស្រួលក្នុងការឆ្លើយតបនឹងសំណួរទាំងនេះ ចូរយើងពិនិត្យមើលចំណុចបីយ៉ាងជាមួយគ្នា៖
១. ស្គាល់ខ្លួនឯងថាជានរណា
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងត្រូវស្គាល់ខ្លួនយើងថា យើងជានរណា ហើយកាលណាយើងស្គាល់ពីអត្តសញ្ញាណខ្លួនយើងច្បាស់ នោះនឹងជួយឲ្យយើងមានភាពងាយស្រួលក្នុងការសម្រេចចិត្តពីអ្វីដែលយើងត្រូវធ្វើ និងអ្វីដែលយើងមិនគួរធ្វើ នៅពេលមានពិធីបុណ្យផ្សេងៗមកដល់។
ខ្ញុំសូមលើកយកចំណុចមួយចំនួនដែលជាអត្តសញ្ញាណដ៏ពិតរបស់យើងក្នុងនាមជាគ្រីស្ទបរិស័ទ ដើម្បីជាការរំឭកដល់ខ្លួនយើងម្នាក់ៗ។
យើងជាកូនរបស់ព្រះ
កណ្ឌគម្ពីរ យ៉ូហាន ១:១២ បានចែងថា «ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ»។ តើការដែលយើងត្រឡប់ជាកូនរបស់ព្រះ វានឹងជួយយើងយ៉ាងដូចម្ដេច? ចំណុចមួយដែលយើងដឹងច្បាស់ពេលដែលយើងជឿដល់ព្រះ គឺយើងបានត្រឡប់ជាកូនរបស់ព្រះដ៏លើអស់ទាំងព្រះ យើងលែងនៅក្រោមអំណាចរបស់អារក្សសាតាំងទៀតហើយ។ ដូច្នេះ យើងក៏ត្រូវធ្វើអ្វីដែលជាអត្តសញ្ញាណរបស់យើង យើងដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។
យើងជាសាសន៍ស្ថានសួគ៌
យើងដឹងហើយថា កាលណាដែលយើងជឿដល់ព្រះអង្គ នោះយើងជាសាសន៍ស្ថានសួគ៌។ ដែលយើងអាចឃើញពីការនេះនៅក្នុងកណ្ឌគម្ពីរ ភីលីព ៣:១៧-២១ ជាពិសេសត្រង់ខ២០ ដោយសាវ័ក ប៉ុល បានមានប្រសាសន៍ថា «ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង»។ នេះជាខគម្ពីរដែលបង្ហាញប្រាប់ពីអត្តសញ្ញាណរបស់យើង ទោះបើសព្វថ្ងៃនេះយើងកំពុងរស់នៅផែនដីនេះនៅឡើយ ប៉ុន្តែអត្តសញ្ញាណដ៏ពិតរបស់យើងដែលជាអ្នកជឿ គឺព្រះអង្គបានរាប់យើងជាកូនព្រះអង្គ យើងគឺជាសាសន៍ស្ថានសួគ៌។ ការដែលយើងរស់នៅផែនដីនេះ គឺគ្រាន់តែនៅបណ្ដោះអាសន្នប៉ុណ្ណោះ។ ខ្ញុំលើកយកចំណុចនេះឡើង ដើម្បីឆ្លើយតបទៅនឹងអារម្មណ៍ដែលកើតមានឡើងចំពោះយើង ដើម្បីការពារចិត្ត និងអត្តសញ្ញាណរបស់យើង ពេលដែលមានពិធីបុណ្យភ្ជុំ ឬពិធីផ្សេងៗមកដល់ ហើយដែលយើងរស់នៅគឺមិនមែន ដើម្បីផ្គាប់ចិត្តដល់មនុស្សទាំងអស់នេះទេ។ យើងត្រូវដឹងថា ពេលយើងជឿព្រះអង្គហើយ នោះយើងជាសាសន៍ស្ថានសួគ៌មានឈាមជាកូនរបស់ព្រះ។
យើងមិនមែនជារបស់លោកីយ៍ទេ
នេះជាចំណុចមួយដែលរំឭកយើងឲ្យដឹងខ្លួនថា យើងមិនមែនជារបស់លោកីយ៍នេះទេ ដូចដែលព្រះយេស៊ូវបានអធិស្ឋានយ៉ាងដូច្នេះថា «ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយ៍បានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយ៍ទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយ៍ដែរ ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ៍ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយ៍ដែរ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកីយ៍ ដូចជាទ្រង់ចាត់ទូលបង្គំ ឲ្យមកក្នុងលោកីយ៍ដែរ ឯទូលបង្គំ ក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតដែរ» (យ៉ូហាន ១៧:១៤-១៩)។
បទគម្ពីរត្រង់នេះបានបង្ហាញឲ្យយើងដឹងថា នៅពេលដែលយើងដើរតាមព្រះយេស៊ូវ ជឿលើទ្រង់ នោះយើងមិនមែនជារបស់លោកីយ៍ទៀតហើយ។ លោកីយ៍បានចាប់ផ្ដើមស្អប់យើង បៀតបៀនយើង ហើយនេះជាធាតុពិត ពីព្រោះព្រះយេស៊ូវបានឆ្លងកាត់ ហើយអ្នកដើរតាមទ្រង់ក៏នឹងត្រូវឆ្លងកាត់ដូចគ្នាដែរ។ ប៉ុន្តែ បើយើងស្គាល់ពីអត្តសញ្ញាណរបស់យើង ដឹងពីកន្លែងរស់នៅដ៏ពិតរបស់យើង នោះនឹងជួយឲ្យយើងកាន់តែឈរមាំមួនក្នុងជំនឿរបស់យើង។
យើងជាទូតតំណាងរបស់ព្រះគ្រីស្ទ
យើងជាទូតតំណាងរបស់ព្រះគ្រីស្ទ យើងត្រូវដឹងឲ្យប្រាកដពីអ្វីដែលយើងត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ទោះបើយើងកំពុងតែស្ថិតក្នុងការបៀតបៀន បញ្ហាផ្សេងៗ ឬបញ្ហាដែលយើងនឹងជួបក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ បើយើងជាទូតតំណាងរបស់ព្រះគ្រីស្ទមែន តើយើងនឹងត្រឡប់ទៅដូចជាគេឯងតាមទម្លាប់ដែលយើងធ្លាប់ធ្វើក្នុងកាលមិនជឿ ឬក៏នៅតែអាចរក្សានូវអត្តសញ្ញាណរបស់យើងជាទូតតំណាងរបស់ព្រះគ្រីស្ទដដែល ដោយធ្វើជាអ្នកនាំសារពីស្ថានសួគ៌ទៅកាន់មនុស្សផ្សេងៗដែរឬយ៉ាងណា? កណ្ឌគម្ពីរ ២កូរិនថូស ៥:២០ បានចែងថា «ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ»។ យើងគឺជាទូតរបស់ព្រះគ្រីស្ទជាអ្នកនាំដំណឹងល្អ ដើម្បីឲ្យមនុស្សបានជាមេត្រីនឹងព្រះ។ ដូច្នេះ ការដែលយើងត្រូវស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនឯង នោះជាការសំខាន់ណាស់។
២. ស្គាល់បេសកកម្មធំរបស់យើង
តើអ្វីទៅជាបេសកកម្មដ៏ធំរបស់យើងក្នុងនាមជាអ្នកជឿដ៏ពិត? បេសកកម្មដ៏ធំនោះ គឺរស់នៅដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ សូមអានកណ្ឌគម្ពីរ ១កូរិនថូស ១០:១៣ «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះ»។ នៅពេលដែលយើងស្គាល់ពីបេសកកម្មរបស់យើងហើយ នោះងាយស្រួលក្នុងការឲ្យយើងសម្រេចចិត្តពីអ្វីដែលយើងត្រូវធ្វើ និងអ្វីដែលយើងមិនគួរធ្វើ ដោយយើងដឹងថា គ្រប់អ្វីៗដែលយើងធ្វើ គឺធ្វើដើម្បីថ្វាយសិរីល្អដល់ព្រះ។ ចុះតើយើងអាចថ្វាយសិរីល្អដល់ព្រះជាម្ចាស់បានដោយរបៀបណា? ខ្ញុំសូមលើកយកចំណុចពីរយ៉ាងមកបង្ហាញ។ ទី១ ស្គាល់ព្រះគ្រីស្ទយ៉ាងជិតស្និទ្ធ (ភីលីព ៣:១០)។ នេះគឺដូចទៅនឹងសេចក្តីប្រាថ្នារបស់សាវ័ក ប៉ុល គឺគាត់ចង់ស្គាល់ព្រះគ្រីស្ទយ៉ាងជិតស្និទ្ធ។ ការដែលយើងស្គាល់ព្រះគ្រីស្ទយ៉ាងជិតស្និទ្ធ នោះនឹងធ្វើឲ្យជីវិតយើងមានការផ្លាស់ប្រែ ហើយកាន់តែមានលក្ខណៈដូចនឹងព្រះអង្គ ហើយកាន់តែស្រឡាញ់ទ្រង់។ ទី២ ណែនាំអ្នកឯទៀតឲ្យស្គាល់ព្រះគ្រីស្ទ (ម៉ាថាយ ២៨:១៩-២០)។
៣. ស្គាល់ពីគោលបំណងនៃពិធីបុណ្យភ្ជុំបិណ្ឌ
តើប្រជាជនខ្មែរយើង ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌក្នុងគោលបំណងអ្វី? តាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំបានរកឃើញគោលបំណងពីរនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ៖
ដើម្បីគោរពវិញ្ញាណក្ខន្ធបុព្វបុរសញាតិសន្ដានដែលបានស្លាប់ទៅ
នៅពេលដែលយើងស្គាល់ពីខ្លួនយើងថាជានរណា ហើយស្គាល់ថាអ្វីជាគោលដៅចម្បងរបស់យើង ក៏ដូចជាស្គាល់នូវគោលបំណងនៃពិធីបុណ្យភ្ជុំបិណ្ឌ នោះយើងនឹងមានភាពងាយស្រួលក្នុងការសម្រេចចិត្តថា តើយើងគួរឆ្លើយតបបែបណាទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌ។ តើយើងគួរឆ្លើយតបយ៉ាងដូចម្ដេច នៅពេលដែលគេធ្វើពិធីគោរពវិញ្ញាណក្ខន្ធបុព្វបុរសញាតិសន្តានដែលបានស្លាប់ទៅ? ការដែលយើងគោរពឲ្យតម្លៃ នឹកចាំពីអនុស្សាវរីយដែលយើងធ្លាប់មាន ការទៅលេងផ្នូរ ទៅសម្អាតផ្នូរ និងការដែលយើងរំឭកគុណដល់ញាតិសន្ដានដែលបានស្លាប់ទៅ នោះមិនមែនជាការខុសទេ។ ប៉ុន្តែអ្វីដែលជាការខុសនោះ គឺការទៅសែន គោរពថ្វាយបង្គំពួកគាត់ទុកដូចជាព្រះ។ ឬការដែលគេធ្វើដូចនេះ ប្រហែលដោយសារគេមានការភ័យខ្លាចទៅនឹងវិញ្ញាណដែលបានស្លាប់ទៅនោះថា ខ្លាចវិញ្ញាណនោះមកធ្វើទុក្ខ មកបំភ័យ មកកាច់ ឬមកធ្វើឲ្យខ្លួនវិនាស។ល។ ប៉ុន្តែ យើងអរគុណដល់ព្រះយេស៊ូវដែលទ្រង់មិនបានប្រទានវិញ្ញាណភ័យខ្លាចដល់យើង ពោលគឺទ្រង់បានប្រទានឲ្យយើងមានអំណាចលើវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏មិនអាចធ្វើអ្វីយើងបានដែរ លើកតែព្រះអនុញ្ញាត។ ហើយក្នុងនាមយើងជាអ្នកជឿលើព្រះគ្រីស្ទ យើងសុទ្ធតែដឹងហើយថា ពេលដែលមនុស្សស្លាប់ទៅ ពួកគេនឹងទៅទីណា ទៅកន្លែងណា។ កណ្ឌគម្ពីរ ហេព្រើរ ៩:២៧ បានចែងយ៉ាងច្បាស់ថា «ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់មួយដង រួចសឹមជាប់សេចក្ដី ជំនុំជម្រះ»។ មនុស្សត្រូវស្លាប់មួយដង ហើយត្រូវជាប់ជំនុំជម្រះ។ ដូច្នេះ តើមានអ្វីកើតឡើងចំពោះមនុស្សដែលបានស្លាប់ទៅនោះ? កណ្ឌគម្ពីរ លូកា ១៦:១៩-៣១ មានប្រាប់ពីការនេះថា មានកន្លែងពីរដែលមនុស្សនឹងត្រូវទៅនៅពេលដែលពួកគេស្លាប់។ កន្លែងមួយហៅថា ស្ថានឃុំព្រលឹងមនុស្សស្លាប់ដែលជាកន្លែងមានពេញទៅដោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយកន្លែងមួយទៀតហៅថា ស្ថានសួគ៌ដែលជាកន្លែងដែលមានព្រះវត្តមានព្រះជាម្ចាស់គង់នៅ។ កណ្ឌគម្ពីរនេះបានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថា អ្នកដែលមិនជឿលើព្រះគ្រីស្ទ ពួកគេនឹងត្រូវទៅនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយអ្នកដែលជឿលើព្រះគ្រីស្ទនឹងទៅនៅនគរស្ថានសួគ៌។
ដើម្បីជួបជុំបងប្អូនសាច់ញាតិដែលនៅទីជិតឆ្ងាយ
តើគ្រីស្ទបរិស័ទអាចទៅជួបជុំសាច់ញាតិបានឬអត់? ប្រាកដណាស់ យើងអាចទៅបាន ហើយនេះក៏ជាពេលវេលាដ៏ល្អដែលយើងអាចមានឱកាសជួបជុំបងប្អូនសាច់ញាតិ។ នេះជាឱកាសរបស់យើងក្នុងការបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវទៅកាន់ពួកគាត់ មានឱកាសបង្ហាញពីគំរូទៅដល់ពួកគាត់។ ប៉ុន្តែអ្វីដែលយើងមិនត្រូវធ្វើ គឺការសែនព្រេនដល់មនុស្សស្លាប់ ថ្វាយបង្គំនូវអ្វីដែលមិនមែនជាព្រះពិត។ សូមពិចារណានូវប្រសាសន៍របស់សាវ័ក ប៉ុល នៅកណ្ឌគម្ពីរ ១កូរិនថូស ៩:១៩-២៣ «ដ្បិតទោះបើខ្ញុំមិនជាប់បម្រើអ្នកណាសោះក៏ដោយ គង់តែខ្ញុំបានត្រឡប់ទៅជាអ្នកបម្រើដល់មនុស្សទាំងអស់វិញ ដើម្បីឲ្យបានមនុស្សជាច្រើនទៅទៀត ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីឲ្យបានពួកយូដា ហើយដូចជានៅក្រោមបន្ទុកក្រឹត្យវិន័យ ដល់ពួកអ្នកដែលនៅក្រោមបន្ទុកក្រឹត្យវិន័យ (តែខ្ញុំមិនមែននៅក្រោមបន្ទុកក្រឹត្យវិន័យទេ) ដើម្បីឲ្យបានពួកអ្នក ដែលនៅក្នុងបន្ទុកក្រឹត្យវិន័យ ហើយដូចជាឥតក្រឹត្យវិន័យដល់ពួកអ្នកដែលគ្មានក្រឹត្យវិន័យ (មិនមែនថាខ្ញុំឥតក្រឹត្យវិន័យរបស់ព្រះទេ គឺខ្ញុំនៅក្នុងក្រឹត្យវិន័យព្រះគ្រីស្ទវិញ) ដើម្បីឲ្យបានពួកអ្នកដែលគ្មានក្រឹត្យវិន័យដែរ ខ្ញុំបានត្រឡប់ដូចជាខ្សោយដល់ពួកអ្នកកម្សោយ ដើម្បីឲ្យបានពួកកម្សោយគឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង ខ្ញុំធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ ដើម្បីឲ្យខ្ញុំបានចំណែកជាមួយគ្នាក្នុងដំណឹងល្អ»។ សាវ័ក ប៉ុល បានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដើម្បីឲ្យបានមនុស្សជាច្រើនជឿដល់ព្រះគ្រីស្ទ។
ដូច្នេះ ចូរយកគំរូតាមសាវ័ក ប៉ុល ចុះ។ ចូរស្គាល់ខ្លួនយើង ស្គាល់បេសកកម្មធំបំផុតរបស់យើង។ ហើយក៏កុំឲ្យភ័យខ្លាចនឹងវិញ្ញាណអាក្រក់ ដ្បិតយើងជាកូនព្រះ ជាសាសន៍ស្ថានសួគ៌ ជាទូតរបស់ព្រះគ្រីស្ទ ហើយយើងមិនមែនជារបស់លោកីយ៍នេះទេ។