គោលជំនឿរបស់យើង
១.ព្រះអាទិករ
យើងខ្ញុំជឿថា មានព្រះពិតតែមួយដែលសម្ដែងចេញជាបីអង្គក្នុងពេលតែមួយនៅអស់កល្បជានិច្ច គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលហៅថា ព្រះត្រៃឯក។ អង្គទាំងបីនេះរួមគ្នាក្នុងការបង្កើតស្ថានសួគ៌ ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅក្នុងចក្រវាលនេះ ដោយរាប់បញ្ចូលទាំងមនុស្សជាតិផង។ យើងខ្ញុំជឿថា អង្គទាំងបីមានភាពស្មើគ្នា ទាំងឋានៈ ទាំងលក្ខណសម្បត្តិ។ អង្គនីមួយៗមានភាពជាព្រះដូចគ្នា ហើយសក្ដិសមនឹងទទួលការលើកដំកើង និងការគោរពថ្វាយបង្គំដូចគ្នាប៉ុន្តែអង្គទាំងបីជាព្រះតែមួយ។ (អេសាយ៤០:២៨; ម៉ាថាយ១៨:១៩; យ៉ូហាន១៤:៦; ១៤:១៦-១៧;១០:៣០; ២កូរិនថូស ១៣:១៤)
២. ព្រះយេស៊ូវគ្រីស្ទ
យើងខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះបន្ទូលដ៏នៅអស់កល្ប ដែលទ្រង់បានយាងមកយកកំណើតជាមនុស្ស ដូច្នេះ ទ្រង់មានលក្ខណៈជាព្រះមួយរយភាគរយ និងជាមនុស្សមួយរយភាគរយ។ ទ្រង់បានយាងមកយកកំណើតនឹងនាងក្រមុំព្រហ្មចារី ហើយទ្រង់គ្មានបាបសោះ។ ទ្រង់បានធ្វើការអស្ចារ្យជាច្រើន ហើយទ្រង់បានសុគតជំនួសយើងនៅលើឈើឆ្កាង ហើយសពទ្រង់ត្រូវបានគេបញ្ចុះក្នុងផ្នូរ តែបីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ បន្ទាប់មកទ្រង់បានយាងទៅកាន់ស្ថានសួគ៌។ យើងខ្ញុំជឿថា ទ្រង់កំពុងតែទូលអង្វរជំនួសអ្នកជឿ ហើយទ្រង់នឹងយាង មកវិញមានរូបកាយជាមនុស្សដែលមានព្រះចេស្ដា និងសិរីល្អ។ (យ៉ូហាន ១០:៣០; ១៤:៩; អេសាយ ៧:១៤; ម៉ាថាយ ១:២៣, ២៥; យ៉ូហាន ៣:១៦; រ៉ូម ៣:២៤-២៥; ៥:៨; ១ពេត្រុស ២:២៤; ម៉ាថាយ ២៨:៦; កិច្ចការ ២:៣០-៣១; ហេព្រើរ ៧:២៥; ១យ៉ូហាន ២:១)
៣. ព្រះវិញ្ញាណបរិសុទ្ធ
យើងខ្ញុំជឿថា ព្រះវិញ្ញាណបរិសុទ្ធ ជាអង្គដែលបើកសម្ដែងអំពីព្រះគ្រីស្ទ ហើយឲ្យមនុស្សលោកដឹងច្បាស់ថាខ្លួនមានបាប។ ទ្រង់ប្រោសឲ្យមនុស្សដែលស្លាប់ខាងឯវិញ្ញាណមានជីវិតថ្មី ហើយគង់នៅក្នុងអ្នកជឿទាំងអស់។ ទ្រង់ក៏ញែកពួកគេជាបរិសុទ្ឋ ព្រមទាំងផ្ដល់កំលាំងឲ្យពួកគេចេះបម្រើក្នុងពួកជំនុំទៀតផង។ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យអ្នកជឿយល់បទគម្ពីរ ហើយដៅចំណាំអស់អ្នកជឿ ព្រមទាំងធ្វើជាសាក្សីនៅក្នុងដួងចិត្តរបស់ពួកគេថា ពួកគេគឺជាកូនរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ (យ៉ូហាន ១៦:៧-៩; រ៉ូម ៨:១៦; ១កូរិនថូស ២:១២; ១ ពេត្រុស ៤:១០; អេភេសូរ ១:១៣-១៤).
៤. ព្រះគម្ពីរបរិសុទ្ធ
យើងខ្ញុំជឿថា ព្រះគម្ពីរបរិសុទ្ធ ដែលមាន៦៦កណ្ឌ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលព្រះវិញ្ញាណបរិសុទ្ធបណ្តាលឲ្យតែងទុកមក ប្រកបដោយពាក្យច្បាស់លាស់ និងគ្មានកំហុសក្នុងភាសាដើម។ ព្រះគម្ពីរបរិសុទ្ធមានពេញទៅដោយសិទ្ធអំណាច ហើយគ្រប់គ្រាន់សម្រាប់ធ្វើជាខ្នាតតែមួយគត់ ដែលជាមូលដ្ឋានគ្រឹះនៃជំនឿ និងការអនុវត្តជំនឿរបស់យើង។
(២ធីម៉ូថេ ៣:១៦; ១ពេត្រុស ១:២៣; យ៉ូហាន ១:១៤; ម៉ាថាយ ៥:១៧-១៨; អេភេសូរ ១:១៧-១៨; ១កូរិនថូស ២:១០; យ៉ូហាន ៦:៦៣)។
៥. មនុស្សលោក
យើងខ្ញុំជឿថា ព្រះជាម្ចាស់បានបង្កើតមនុស្សលោកមកឲ្យមានលក្ខណៈដូចរូបអង្គទ្រង់។ មនុស្សដើមដំបូងឈ្មោះអ័ដាម និងអេវ៉ា បានធ្លាក់ក្នុងអំពើបាប ដោយការមិនស្ដាប់បង្គាប់ ព្រះជាម្ចាស់ ហើយជាលទ្ធផល សេចក្ដីស្លាប់បានចូលមកក្នុងលោកីយ៍នេះ ហើយមនុស្ស គ្រប់រូបបានទទួលនិស្ស័យបាបពីមនុស្សដើមដំបូងនោះ ទាំងប្រព្រឹត្តបាបដោយខ្លួនឯងផង។ ដោយសារតែអំពើបាប មនុស្សគ្រប់គ្នាត្រូវស្លាប់។ មនុស្សគ្រប់រូបមានជីវិតតែមួយគត់ ហើយបន្ទាប់ពីស្លាប់ ពួកគេនឹងទទួលការជំនុំជម្រះពីព្រះជាម្ចាស់។ (លោកុប្បត្ដិ ១:២៦; ៣:១-២៤; ទំនុក ១៤:១-៣; យេរេមា ១៧:៩; រ៉ូម ៣:៩-១៨, ២៣; ៥:១០-១២)។
៦. សេចក្តីសង្គ្រោះ
យើងខ្ញុំជឿថា អស់អ្នកណាដែលប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះជាម្ចាស់បានប្រោសឲ្យទ្រង់រស់ពីការសុគតឡើងវិញ នោះអ្នកនោះនឹងបានសង្គ្រោះជាពិត។ មនុស្សទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណ មិនមែនដោយសារការខំប្រឹងប្រព្រឹត្តល្អនោះទេ។
រ៉ូម ១០:៩, អេភេសូរ ២:៨
៧. ពួកជំនុំ
យើងខ្ញុំជឿថា នៅពេលដែលមនុស្សម្នាក់ជឿលើព្រះគ្រីស្ទ ភ្លាមនោះព្រះវិញ្ញាណបរិសុទ្ធក៏ឲ្យអ្នកនោះ ចូលរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រីស្ទដែលជាពួកជំនុំរបស់ទ្រង់។ គោលបំណងដ៏ចម្បងរបស់ពួកជំនុំគឺដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈការស្អាងជំនឿគ្នាឡើង ការបង្រៀនព្រះបន្ទូល ការស្ដាប់បង្គាប់តាមព្រះបន្ទូល ការប្រកបគ្នា ការរក្សាទុកនូវការធ្វើពិធីលៀងព្រះអម្ចាស់ និងពិធីជ្រមុជទឹក និងតាមរយៈការប្រកាសដំណឹងល្អទៅកាន់មនុស្សគ្រប់ជាតិសាសន៍ (១កូរិនថូស ១២:១២-១៣; អេភេសូរ ៣:១០; ៤:១៣:១៦; ២ធីម៉ូថេ ២:២, ១៥; ៣:១៦-១៧; យ៉ូហាន ១៤:១៥; កិច្ចការ ២:៤៧; ១យ៉ូហាន ១:៣; លូកា ២២:១៩; កិច្ចការ ២:៣៨-៤២; ម៉ាថាយ ២៨:១៩; កិច្ចការ ១:៨; ២:៤២)។
៨. ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងការជំនុំជម្រះ
យើងខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ទ្រង់នឹងយាងមកផែនដីវិញ ជារូបអង្គប្រកបដោយសិរីល្អ
តេជានុភាព និងឫទ្ធានុភាពដែលមនុស្សគ្រប់រូបអាចនឹងមើលឃើញដោយប្រចក្សនឹងភ្នែក។ ទ្រង់នឹងជំនុំជម្រះមនុស្សទាំងអស់ ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។ អស់អ្នកណាដែលមានឈ្មោះក្នុងបញ្ជីជីវិត នោះពួកគេនឹងបានរស់នៅជាមួយនឹងព្រះជាម្ចាស់ ប៉ុន្តែ អស់អ្នកណាដែលមិនមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតទេ នោះព្រះជាម្ចាស់នឹងបោះពួកគេចូលទៅក្នុងស្ថាននរកជាមួយនឹងអារក្សសាតាំង ព្រមទាំងពួកពលបរិវាររបស់វាផង ដែលកន្លែងនោះជាកន្លែងវេទនាដ៏នៅអស់កល្បជានិច្ច។(កិច្ចការ ១:៩, ១១; ១ថែស្សាឡូនីច ៤:១៣-១៨; ម៉ាថាយ ២៥:៣១-៤៦)។