តើយើងជាគ្រីស្ទបរិស័ទគួរនឹងឆ្លើយតបចំពោះពិធីនេះយ៉ាងដូចម្តេច?
តើបងប្អូនមានអារម្មណ៍យ៉ាងណា នៅពេលដែលពិធីបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់? មានអំណរទេ? រំភើបចិត្តទេ? យើងប្រហែលជាមានអារម្មណ៍ខុសៗគ្នា៖ អ្នកខ្លះប្រហែលជាមានអារម្មណ៍រំភើប ពីព្រោះបានឈប់សម្រាកពីការងារ ជិតបានទៅលេងស្រុកកំណើតជួបជុំគ្រួសារ។ ហើយអ្នកខ្លះទៀតប្រហែលជាមានអារម្មណ៍អាឡោះអាល័យចំពោះអ្វីដែលធ្លាប់ធ្វើកាលពីមុនជឿព្រះគ្រីស្ទ។ ខ្លះចង់បែរទៅចូលរួមជាមួយនឹងគេវិញ ហើយប្រហែលជាខ្លះទៀតមានអារម្មណ៍អៀនខ្មាសនឹងអ្នកជិតខាងដែលមិនមែនជាអ្នកជឿ ដោយខ្លួនមិនបានធ្វើដូចគេ ឬក៏អៀនខ្មាស។ ខ្លះមិនចង់ទៅលេងស្រុកកំណើតដោយសារតែខ្លួនជាគ្រីស្ទបរិស័ទតែម្នាក់ឯងក្នុងគ្រួសារ មិនចង់ឮសាច់ញាតិនិយាយចំអក ឬក៏មិនមានអ្វីជូនចាស់ៗ គ្មានរបស់ទ្រព្យអ្វីដើម្បីបង្អួតបង្ហាញអ្នកស្រុកភូមិ។ ហើយប្រហែលខ្លះទៀតមិនហ៊ានទៅស្រុកកំណើតដោយសារមិនដឹងជាត្រូវឆ្លើយតបបែបណាចំពោះពិធីបុណ្យភ្ជុំ ឬក៏អ្នកជិតខាងខ្លួនដែលគេសួរនាំយើង។ ដូច្នេះ តើយើងគួររៀបចំឥរិយាបថបែបណាទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងត្រូវមកដល់ខាងមុខនេះ? ក្នុងនាមយើងជាគ្រីស្ទបរិស័ទខ្មែរ តើយើងគួរឆ្លើយតបយ៉ាងណាចំពោះពិធីភ្ជុំបិណ្ឌ? តើកម្រិតណាដែលយើងអាចធ្វើបាន ហើយកម្រិតណាដែលយើងមិនគួរធ្វើ? នេះជាអារម្មណ៍ពិតរបស់យើងជាគ្រីស្ទបរិស័ទខ្មែរ ពេលមានពិធីបុណ្យជាតិធំៗមកដល់។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងគិតអំពីរឿងរ៉ាវទាំងអស់ដោយយកចិត្តទុកដាក់…